វិបស្សនា ដែលមានន័យថា ឃើញរបស់ផងទាំងពួងតាមភាពពិត គឺជាបច្ចេកទេសកម្មដ្ឋានពិនិត្យមើលខ្លួនឯងមួយ ក្នុងចំណោមបច្ចេកទេសកម្មដ្ឋានចាស់ជាងគេបំផុតនៃប្រទេសឥណ្ឌា។ បច្ចេកទេសនេះត្រូវបានបង្រៀនជាង 2500 ឆ្នាំមុន ជាវិធីព្យាបាលសាកលចំពោះជំងឺសាកល ពោលគឺជា សិល្ប៍សាស្ត្រនៃការរស់នៅ។
បច្ចេកទេសមិនប្រកាន់និកាយនេះមានគោលបំណងគាស់រំលើងភាពសៅហ្មងនៃចិត្តទាំងស្រុង និង ផ្តល់លទ្ធផលជាសុភមង្គលខ្ពស់បំផុតនៃការរួចរដោះពេញបរិបូណ៌។ ការរំដោះខ្លួនពីទុក្ខទាំងអស់របស់មនុស្សលោកគឺជាគោលបំណងនៃបច្ចេកទេសកម្មដ្ឋាននេះ វាមិនមែនត្រឹមតែជាការព្យាបាលជំងឺប៉ុណ្ណោះទេ។
វិបស្សនាគឺជាបច្ចេកទេសអនុវត្តដែលអនុញ្ញាតឲ្យមនុស្សគ្រប់រូបដឹកនាំជីវិតរបស់ពួកគេប្រកបដោយតុល្យភាពកាន់តែវិជ្ជមាននិងកាន់តែមានសុភមង្គល។ បច្ចេកទេសអនុវត្តតាមរយៈការយល់ដឹងពីខ្លួនឯងនេះគឺមានលក្ខណៈសាកល ហើយនឹងមិនជាប់ទាក់ទងជាមួយលទ្ធិ ឬក៏និកាយសាសនាណាមួយឡើយ។
តើគេរៀនវិបស្សនាដូចម្ដេច?
បច្ចេកទេសវិបស្សនាកម្មដ្ឋានត្រូវបានបង្រៀនក្នុងវគ្គសិក្សា 10 ថ្ងៃ ដែលក្នុងអំឡុងពេលនោះ សិស្សនឹងរៀនអំពីមូលដ្ឋានគ្រឹះនៃបច្ចេកទេសនេះ ព្រមទាំងអាចអនុវត្តបានគ្រប់គ្រាន់ដើម្បីពិសោធអំពីលទ្ធផលដ៏មានប្រយោជន៍នៃបច្ចេកទេសនេះ។ សិស្សដែលចូលរួមមិនត្រូវការបទពិសោធន៍ពីមុនអ្វីឡើយ។ បន្ទាប់ពីពិនិត្យមើល សេចក្ដីណែនាំអំពីបច្ចេកទេស សម្រាប់ការចូលរួមក្នុងវគ្គសិក្សាវិបស្សនា ព្រមទាំងពិនិត្យកាលវិភាគនៃវគ្គសិក្សារួចហើយ អ្នកអាចស្នើសុំចូលរួមវគ្គសិក្សាមួយបាន។
ធម្មកម្ពុជា គឺជាមជ្ឈមណ្ឌលវិបស្សនាមួយក្នុងចំណោមមជ្ឈមណ្ឌលវិបស្សនាជាច្រើននៅលើពិភពលោក ដែលត្រូវបានបង្កើតឡើងដើម្បីបដិបត្តិ វិបស្សនាកម្មដ្ឋាន តាមការបង្រៀនដោយ ស.ន. ហ្គោឥនកា។
មានមជ្ឈមណ្ឌលវិបស្សនាជាច្រើនទៀតនៅគ្រប់កន្លែងលើពិភពលោក ដែលអ្នកអាចពិនិត្យមើលតាមវិបសៃអន្តរជាតិ www.dhamma.org។
ហិរញ្ញវត្ថុនៃវគ្គសិក្សា
វគ្គសិក្សានានាអាចប្រព្រឹត្តទៅបានដោយសារតែមានការបរិច្ចាគទានប៉ុណ្ណោះ។ ឥតមានការគិតថ្លៃចំពោះវគ្គសិក្សាឡើយ សូម្បីតែថ្លៃម្ហូបអាហារនិងការស្នាក់នៅក៏ដោយ។ សោហ៊ុយចំណាយទាំងអស់ត្រូវបានរ៉ាប់រងដោយការបរិច្ចាគទានពីសិស្សចាស់ដែលធ្លាប់បានបញ្ចប់វគ្គសិក្សា 10 ថ្ងៃ ម្ដងហើយ និង បានទទួលផលប្រយោជន៍ពីវិបស្សនា ព្រមទាំងមានបំណងចង់ផ្តល់ជូនអ្នកដទៃនូវឱកាសដើម្បីទទួលផលប្រយោជន៍នេះផងដែរ។ ទាំងគ្រូ និង គ្រូជំនួយមិនបានទទួលលាភការអ្វីឡើយ; ពួកគេ និង អ្នកដែលបម្រើក្នុងវគ្គសិក្សាគឺស្ម័គ្រចិត្តចំណាយពេលរបស់ពួកគេ។