សំណួរ និង ចម្លើយ​អំពី​បច្ចេកទេស​វិបស្សនា​កម្មដ្ឋាន


ហេតុ​ដូចម្តេច​បាន​ជា​វគ្គសិក្សា​មាន​រយៈពេល 10 ថ្ងៃ?

តាម​ការពិត វគ្គសិក្សា​ដប់​ថ្ងៃ​គឺ​ជា​រយៈពេល​តិច​បំផុត។ រយៈពេល​នេះ​ផ្ដល់​នូវ​លំនាំដើម​ចាំបាច់ និង មូលដ្ឋាន​របស់​បច្ចេកទេស។ ដើម្បី​ចម្រើន​លូតលាស់​ក្នុង​ការបដិបត្តិ កិច្ចការ​នេះ​ត្រូវ​ធ្វើ​មួយ​ជីវិត។ ការពិសោធ​ជាច្រើន​ជំនាន់​កន្លង​មក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា បើ​វិបស្សនា​ត្រូវ​បាន​បង្រៀន​ក្នុង​រយៈពេល​តិច​ជាង 10 ថ្ងៃ សិស្ស​មិន​អាច​ចាប់​បាន​នូវ​ការពិសោធ​គ្រប់គ្រាន់​ក្នុង​បច្ចេកទេស​ទេ។ តាម​ប្រពៃណី វិបស្សនា​ត្រូវ​បាន​បង្រៀន​នៅ​កន្លែង​ស្ងាត់​ក្នុង​រយៈពេល​ប្រាំពីរ​អាទិត្យ។ នៅ​ដើម​សតវត្សរ៍​ទី 20 គ្រូ​អាចារ្យ​នៅ​ក្នុង​ប្រពៃណី​នេះ​បាន​ចាប់ផ្ដើម​ធ្វើការ​ពិសោធន៍​ជាមួយ​វគ្គសិក្សា​ដែល​មាន​រយៈពេល​ខ្លី​ដើម្បី​សម្រប​ទៅ​តាម​ភាពមមាញឹក​នៃ​ការរស់នៅ។ គេ​បាន​សាកល្បង​វគ្គសិក្សា 30 ថ្ងៃ, 2 សប្ដាហ៍, 10 ថ្ងៃ, ចុះ​រហូត​ដល់ 7 ថ្ងៃ ហើយ​គេ​បាន​រក​ឃើញ​ថា វគ្គសិក្សា​តិច​ជាង 10 ថ្ងៃ មិនមាន​រយៈពេល​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ឲ្យ​ចិត្ត​មាន​លំនឹង និង ធ្វើការ​ដល់​ទី​ជម្រៅ​ជាមួយ​បាតុភូត​ចិត្ត និង កាយ​បាន​ឡើយ។


តើ​ខ្ញុំ​ត្រូវ​ចម្រើន​កម្មដ្ឋាន​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ?

រាល់ថ្ងៃ​ចាប់ផ្ដើម​ពី​ម៉ោង 4 ព្រឹក ដោយ​មាន​សំឡេង​ជួង​ដាស់ ហើយ​បន្ត​ធ្វើការ​រហូត​ដល់​ម៉ោង 9 យប់។ គឺ​មាន​រយៈពេល​ប្រហែល 10 ម៉ោង ក្នុង​ការចម្រើន​កម្មដ្ឋាន​ក្នុង​មួយ​ថ្ងៃៗ ដោយ​មាន​ទាំង​ការឈប់​សម្រាក​ជា​ប្រក្រតី​ផង។ រាល់​ពេល​ល្ងាច វេលា​ម៉ោង 7 មាន​ការចាក់​វីដេអូ​នៃ​ធម្មទេសនា​របស់​លោកគ្រូ ស.ន. ហ្គោឥនកា សម្រាប់​ឲ្យ​សិស្ស​ចម្រើន​កម្មដ្ឋាន​បាន​យល់​អំពី​ការពិសោធ​របស់​គេ​នៅ​ថ្ងៃ​នោះ។ ការកំណត់ពេល​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​ដំណើរការ​ល្អ និង មាន​ប្រយោជន៍​ចំពោះ​សិស្ស​រាប់​រយ រាប់​ពាន់​នាក់​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក។


តើ​ប្រើ​ភាសា​អ្វី​នៅ​ក្នុង​វគ្គសិក្សា?

ការបង្រៀន​ធ្វើ​ឡើង​តាមរយៈ​ការចាក់​ខ្សែអាត់​របស់​លោក ស.ន. ហ្គោឥនកា ជា​ភាសា​អង់គ្លេស ឬ ភាសា​ហ៊ិនឌី ជាមួយ​គ្នា​នឹង​ការប្រែ​ជា​ភាសា​របស់​អ្នកស្រុក។ ខ្សែអាត់​បកប្រែ​មាន​ស្ទើរ​តែ​គ្រប់​ភាសា​សំខាន់ៗ​នៅក្នុង​ពិភពលោក​រាប់​បញ្ចូល​ទាំង​ភាសា​អង់គ្លេស​ផង។ បើ​គ្រូ​បង្រៀន​ដែល​ដឹកនាំ​វគ្គសិក្សា​មិន​អាច​និយាយ​ភាសា​របស់​អ្នកស្រុក​បាន​ល្អ​ទេ នោះ​នឹង​មាន​អ្នកប្រែ​ភាសា​នៅ​ទីនោះ​ដើម្បី​ជួយ​អ្នក។ តាម​ធម្មតា ភាសា​មិនមែន​ជា​ឧបសគ្គ​ទេ​ចំពោះ​អ្នក​ដែល​មាន​បំណង​ចូលរួម​ក្នុង​វគ្គសិក្សា។


តើ​ត្រូវ​បង់ថ្លៃ​ប៉ុន្មាន​សម្រាប់​វគ្គសិក្សា​នេះ?

សិស្ស​ចាស់​ម្នាក់ៗ​បាន​ធ្វើ​ការបរិច្ចាគទាន​នេះ​ចំពោះ​សិស្ស​ម្នាក់ៗ​ដែល​ចូលរួម​ក្នុង​វគ្គសិក្សា​វិបស្សនា​នេះ។ ឥត​មាន​ការបង់​ថ្លៃ​បង្រៀន ឬ បន្ទប់ ការស្នាក់នៅ និង ម្ហូប​អាហារ​ទេ។ គ្រប់​វគ្គសិក្សា​វិបស្សនា​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​ត្រូវ​បាន​រៀបចំ​ឡើង​ដោយសារ​តែ​ការបរិច្ចាគទាន​ស្ម័គ្រចិត្ត​ជា​មូលដ្ឋាន។ នៅពេល​បញ្ចប់​នៃ​វគ្គសិក្សា​របស់អ្នក បើ​អ្នក​បាន​ទទួល​ប្រយោជន៍​ពី​ការពិសោធ​ក្នុង​វគ្គសិក្សា អ្នក​អាច​ធ្វើ​ការបរិច្ចាគ​ទាន​សម្រាប់​វគ្គសិក្សា​ក្រោយៗ​ទៀត ស្រប​តាម​សទ្ធា និង លទ្ធភាព​របស់​អ្នក។


តើ​គ្រូបង្រៀន​ក្នុង​វគ្គសិក្សា​នីមួយៗ​បាន​ទទួល​ប្រាក់​កម្រៃ​ប៉ុន្មាន​ដែរ?

គ្រូ​បង្រៀន​ឥត​មាន​ទទួល​កម្រៃ​ជា​ប្រាក់ ជា​អំណោយ​ផ្សេងៗ ឬ ជា​សម្ភារៈ​អ្វី​ទេ។ គ្រូ​បង្រៀន​ត្រូវតែ​មាន​ការផ្គត់ផ្គង់​ជីវភាព​ផ្ទាល់ខ្លួន។ ដូច្នេះ​មាន​ន័យ​ថា គ្រូបង្រៀន​ខ្លះ​មាន​ពេល​តិច​សម្រាប់​បង្រៀន ប៉ុន្តែ​វា​បង្ការ​មិន​ឲ្យ​មាន​ការឆ្លៀត​យក​កម្រៃ​ពី​សិស្ស និង ការធ្វើ​ពាណិជ្ជកម្ម។ នៅ​ក្នុង​ប្រពៃណី​នេះ គ្រូបង្រៀន​វិបស្សនា​បាន​ផ្តល់​នូវ​ការបម្រើ​ដ៏​បរិសុទ្ធ​ចំពោះ​អ្នក​ឯទៀត។ អ្វី​ដែល​គេ​បាន​ទទួល​គឺ ការពេញចិត្ត​ដោយ​បាន​ឃើញ​ជន​ឯទៀត​បាន​ទទួល​សុភមង្គល នៅពេល​ចប់​វគ្គសិក្សា 10 ថ្ងៃ។


ខ្ញុំ​មិន​អាច​អង្គុយ​ពែនភ្នែន​បាន​ទេ។ តើ​ខ្ញុំ​អាច​ចម្រើន​កម្មដ្ឋាន​បាន​ឬ​ទេ?

ប្រាកដ​ជា​បាន។ គេ​ជូន​កៅអី​ទៅ​ឲ្យ​អ្នក​ដែល​មិន​អាច​អង្គុយ​បាន​ស្រួល​នៅ​លើ​ក្តារក្រាល ដោយសារ​ភាពជរា ឬ ដោយ​មាន​បញ្ហា​ផ្លូវ​កាយ​ផ្សេងៗ។


ខ្ញុំ​ត្រូវ​បរិភោគ​អាហារ​ពិសេស។ តើ​ខ្ញុំ​អាច​យក​ម្ហូប​ផ្ទាល់ខ្លួន​មក​បាន​ឬ​ទេ?

បើ​គ្រូពេទ្យ​របស់​អ្នក​បាន​បង្គាប់​ឲ្យ​ទទួល​ទាន​ម្ហូប​ពិសេស សូម​ប្រាប់​ឲ្យ​យើង​ដឹង នុ៎ះ​យើង​នឹង​ពិនិត្យ​មើល​តើ​យើង​អាច​បំពេញ​សេចក្ដី​ត្រូវការ​របស់​អ្នក​បាន​ឬ​ទេ។ បើ​ម្ហូប​នោះ​មាន​ភាពពិសេស​ខ្លាំង​ពេក ឬ អាច​មាន​ទំនាស់​ក្នុង​ការចម្រើន​កម្មដ្ឋាន យើង​អាច​សុំ​ឲ្យ​អ្នក​រង់ចាំ​រហូត​ដល់​អ្នក​អាច​ផ្លាស់ប្តូរ​អាហារ​បាន។ យើង​សូម​អភ័យទោស ប៉ុន្តែ​សិស្ស​ត្រូវ​មាន​ការជ្រើសរើស​តែ​ក្នុង​ចំណោម​ម្ហូប​ដែល​គេ​ផ្តល់​ជូន ជាជាង​យក​ម្ហូប​ផ្ទាល់ខ្លួន​មក។ ជន​ភាគច្រើន​បាន​យល់​ឃើញ​ថា មុខ​ម្ហូប​ដែល​គេ​ផ្តល់​ឲ្យ​សមរម្យ​ល្មម​នឹង​ជ្រើសរើស​បាន ហើយ​គេ​មាន​សេចក្តី​រីករាយ​នឹង​ម្ហូប​បន្លែ​ផ្លែឈើ​សាមញ្ញ​នេះ។


តើ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ចូលរួម​ក្នុង​វគ្គសិក្សា​បាន​ឬទេ? តើ​មាន​ការរៀបចំ ឬ បទបញ្ជា​ពិសេស​សម្រាប់​ស្ត្រី​ទាំងនោះ​ឬទេ?

ប្រាកដ​ណាស់ ស្ត្រី​មាន​ផ្ទៃពោះ​ក៏​អាច​ចូលរួម​ក្នុង​វគ្គសិក្សា​បាន​ដែរ ហើយ​ស្ត្រី​ជាច្រើន​មក​ចូលរួម​ក្នុង​វគ្គសិក្សា នៅ​ចំ​ពេល​ដែល​មាន​ផ្ទៃពោះ​ដើម្បី​ឆ្លៀត​ឱកាស​ល្អ​ធ្វើការ​បដិបត្តិ​ឲ្យ​បាន​យ៉ាង​ជ្រៅ និង យ៉ាង​ស្ងាត់​នៅក្នុង​រយៈពេល​ពិសេស​នេះ។ យើង​សួរ​បញ្ជាក់​ស្ត្រី​ទាំងនោះ​ថា​តើ​គេ​មាន​ការទុក​ចិត្ត​អំពី​ស្ថិរភាព​នៃ​ការមាន​ផ្ទៃពោះ​របស់​ខ្លួន​ឬ​ទេ មុន​នឹង​ដាក់​ពាក្យសុំ​ចូលរួម​ក្នុង​វគ្គសិក្សា។ យើង​ផ្តល់​អាហារ​បន្ថែម​ឲ្យ ហើយ​សុំ​ឲ្យ​ពួកគាត់​បដិបត្តិ​តាម​សម្រួល។


ហេតុអ្វី​បាន​ជា​វគ្គសិក្សា​ត្រូវ​បាន​បង្រៀន​នៅក្នុង​ភាពស្ងៀមសា្ងត់?

សិស្ស​ទាំងអស់​ដែល​ចូលរួម​វគ្គសិក្សា​ត្រូវតែ​រក្សា​ភាពស្ងៀមស្ងាត់ “អរិយស្ងាត់” គឺ​ការស្ងៀមស្ងាត់​ដោយ​កាយវិការ, ដោយ​ការនិយាយ​ស្តី និង ដោយ​ចិត្ត។ សិស្ស​ទាំងអស់​យល់ព្រម​មិន​ទាក់ទង​នឹង​សិស្ស​ឯ​ទៀត។ ប៉ុន្តែ សិស្ស​មាន​សេរីភាព​ក្នុង​ការនិយាយ​ទាក់ទង​ជាមួយ​អ្នកអភិបាល​អំពី​សម្ភារៈ​ដែល​គេ​ត្រូវការ ឬ និយាយ​ជាមួយ​គ្រូបង្រៀន។ ភាពស្ងៀមស្ងាត់​ដាច់ខាត​ត្រូវតែ​រក្សា​ក្នុង​រយៈពេល 9 ថ្ងៃ​ដំបូង។ នៅ​ថ្ងៃទី 10 សិស្ស​អាច​និយាយ​ទាក់ទង​គ្នា​ឡើង​វិញ​បាន​ដើម្បី​ឲ្យ​មាន​ការប្រុងប្រៀប​រៀបចំ​ខ្លួន​ចូល​ក្នុង​ជីវភាព​រស់នៅ​ជា​ធម្មតា​ឡើងវិញ។ ការបន្ត​បដិបត្តិ​ជាប់​រហូត​គឺ​ជា​គន្លឹះ​សម្ងាត់​នៃ​ជោគជ័យ​នៅក្នុង​វគ្គសិក្សា​នេះ។ ភាពស្ងៀមស្ងាត់​ជា​របស់​សំខាន់​មួយ​ក្នុង​ការរក្សា​បន្ត​ការបដិបត្តិ​ជាប់​រហូត​នេះ។


តើ​ខ្ញុំ​អាច​បាន​ដឹង​ប្រាកដ​ថា មាន​លទ្ធភាព​នឹង​ចម្រើន​កម្មដ្ឋាន​តាម​របៀប​ណា?

ចំពោះ​ជន​ណាម្នាក់​ដែល​មាន​សុខភាព​សមល្មម តាម​ផ្លូវកាយ និង ចិត្ត ហើយ​ចូលចិត្ត​ពិត​ប្រាកដ និង មាន​បំណង​ខំ​ប្រឹងប្រែង​ដោយ​ស្មោះ ការចម្រើន​កម្មដ្ឋាន (រាប់​បញ្ចូល​ទាំង “អរិយស្ងាត់” ផង) មិន​ពិបាក​ទេ។ បើ​អ្នក​អាច​ធ្វើ​តាម​បទបញ្ជា​ទាំងឡាយ​បាន ដោយ​អំណត់ និង ដោយ​យក​ចិត្ត​ទុក​ដាក់​ជាទី​បំផុត អ្នក​ប្រាកដ​ជា​នឹង​អាច​ទទួល​នូវ​លទ្ធផល​ល្អ​ប្រសើរ​ពិត​ប្រាកដ​ជា​មិន​ខាន។ ថ្វី​បើ​វា​ហាក់​ដូចជា​ពិបាក​ខ្លាំង​ណាស់​ក៏​ដោយ កម្មវិធី​សម្រាប់​មួយ​ថ្ងៃៗ មិន​ជា​ពិបាក​ពេក ឬក៏​ស្រួល​ពេក​ដែរ។ លើសពីនេះ វត្តមាន​នៃ​សិស្ស​ឯ​ទៀត​ដែល​បដិបត្តិ​ដោយ​យកចិត្តទុកដាក់​ក្នុង​បរិយាកាស​ពោរពេញ​ដោយ​សន្តិភាព និង ភាពសមរម្យ​បាន​ផ្តល​នូវ​ការជួយ​គាំទ្រ​យ៉ាង​សម្បើម​ចំពោះ​ការខំ​ប្រឹងប្រែង​របស់អ្នក។


តើ​មាន​អ្នក​ដែល​មិន​គួរ​ចូលរួម​ក្នុង​វគ្គសិក្សា​ឬទេ?

ប្រាកដ​ណាស់ ជន​ខ្លះ​ដែល​មាន​កម្លាំង​កាយ​ខ្សោយ​ពេក មិន​អាច​ធ្វើ​តាម​កាលវិភាគ​បាន ជន​នោះ​នឹង​មិន​អាច​ទាញ​យក​ប្រយោជន៍​ពី​វគ្គសិក្សា​នេះ​បាន​ទេ។ ដូចគ្នានេះ​ដែរ អ្នក​ដែល​មាន​ជំងឺ​វិកលចរិត ឬ អ្នក​ដែល​មាន​ភាពរំជួល​ចិត្ត​ខ្លាំង​ពេក ក៏​មិន​អាច​ទាញ​យក​ប្រយោជន៍​ពី​វគ្គសិក្សា​នេះ​បាន​ឡើយ។ ដោយសារ​មាន​សំណួរ និង ចម្លើយ យើង​នឹង​អាច​ជួយ​អ្នក​ក្នុង​ការសម្រេច​ចិត្ត​យ៉ាង​ច្បាស់លាស់​ជាមុន ថា​តើ​អ្នក​អាច​មាន​លទ្ធភាព​ពេញលេញ​នឹង​ទទួល​ប្រយោជន៍​ពី​វគ្គសិក្សា​នេះ​ឬទេ។ ក្នុង​ករណី​ខ្លះ គេ​សុំ​ឲ្យ​អ្នក​ដាក់ពាក្យសុំ​ចូលរួម​ក្នុង​វគ្គសិក្សា​ផ្តល់​នូវ​សំបុត្រ​អនុញ្ញាត​ពី​គ្រូពេទ្យ មុន​នឹង​គេ​យល់ព្រម​ឲ្យ​ចូលរួម​វគ្គសិក្សា។


តើ​វិបស្សនា​អាច​ព្យាបាល​ជំងឺ​ផ្លូវកាយ ឬ ផ្លូវចិត្ត​បាន​ឬទេ?

ជំងឺ​ជាច្រើន​បណ្ដាល​មក​ពី​ការរំជួល​ចិត្ត​នៅ​ខាងក្នុង។ បើ​ការរំជួល​ចិត្ត​នេះ​ត្រូវ​បាន​ដក​ចេញ​ហើយ ជំងឺ​ទាំងឡាយ​នោះ​អាច​ត្រូវ​បាន​ធូរស្រាល ឬ ជា​ស្រឡះ។ ប៉ុន្តែ ការរៀន​វិបស្សនា​គ្រាន់តែ​មាន​បំណង​ដើម្បី​ព្យាបាល​ជំងឺ​ឲ្យ​ជា​តែ​ប៉ុណ្ណោះ គឺ​ជា​កំហុស​មួយ ហើយ​វា​មិន​ដែល​មាន​ប្រសិទ្ធភាព​ទេ។ ជន​ណា​ម្នាក់​ដែល​សាកល្បង​ធ្វើ​យ៉ាង​នេះ គឺ​នាំ​ឲ្យ​ខាត​ពេល ពីព្រោះ​ជន​នោះ​មាន​បំណង​ផ្ចង់​លើ​គោលដៅ​ខុស។ វា​អាច​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ខ្លួនឯង​ថែម​ទៀត​ផង។ ជន​នោះ​នឹង​មិន​យល់​អំពី​ការចម្រើន​កម្មដ្ឋាន​ត្រឹមត្រូវ​ផង ហើយ​នឹង​មិន​បាន​ជា​ជំងឺ​របស់​ខ្លួន​ផងដែរ​ទេ។


ចុះ​ចំណែក​ជំងឺ​ធ្លាក់​ទឹកចិត្ត? តើ​វិបស្សនា​ធ្វើ​ឲ្យ​ជា​ជំងឺ​នេះ​ឬ​ទេ?

ជា​ថ្មី​ទៀត គោលបំណង​របស់​វិបស្សនា​មិនមែន​សម្រាប់​ព្យាបាល​ជំងឺ​ឲ្យ​ជា​សះស្បើយ​ទេ។ ជន​ណា​ម្នាក់​ដែល​បដិបត្តិ​វិបស្សនា​ពិត​ប្រាកដ គឺ​ហាត់រៀន​ឲ្យ​សប្បាយ​រីករាយ ហើយ​ឲ្យ​ចិត្ត​មាន​លំនឹង​គ្រប់​កាលៈទេសៈ។ ប៉ុន្តែ ជន​ដែល​ធ្លាប់​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ មិន​អាច​មាន​លទ្ធភាព​បដិបត្តិ​បច្ចេកទេស​នេះ​បាន​ត្រឹមត្រូវ ហើយ​ទទួល​លទ្ធផល​បាន​ល្អ​ដូចដែល​យើង​ចង់​បាន​ទេ។ របស់​ប្រសើរ​បំផុត​ចំពោះ​ជន​ប្រភេទ​នេះ គឺ​ធ្វើការ​ជាមួយ​អ្នកឯកទេស​ខាង​សុខភាព។ គ្រូ​បង្ហាត់​វិបស្សនា​គឺ​ជា​អ្នកជំនាញ​ខាង​ការចម្រើន​កម្មដ្ឋាន មិនមែន​អ្នកឯកទេស​ខាង​ជំងឺ​សរសៃ​ប្រសាទ​ទេ។


តើ​វិបស្សនា​អាច​ធ្វើ​ឲ្យ​មនុស្ស​បាត់​លំនឹង​ចិត្ត​ឬទេ?

មិនមែន​ទេ។ វិបស្សនា​បង្រៀន​អ្នក​ឲ្យ​មាន​សតិ​ដឹង និង មាន​ចិត្ត​ឧបេក្ខា គឺ​ចិត្ត​មាន​លំនឹង​នៅ​គ្រប់​សភាព​ចុះ​ឡើង​នៃ​ជីវិត។ ប៉ុន្តែ បើ​ជន​ណាម្នាក់​មក​ចូលរួម​ក្នុង​វគ្គសិក្សា​ដោយ​លាក់​បាំង​បញ្ហា​រំជួល​ចិត្ត​ខ្លាំង​របស់ខ្លួន ជន​នោះ​មិន​អាច​នឹង​មាន​លទ្ធភាព​យល់​បច្ចេកទេស ឬ បដិបត្តិ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទទួល​លទ្ធផល​ដែល​គេ​ចង់​បាន​នុះ​ទេ។ ហេតុ​ដូច្នេះ​ហើយ ការដែល​ឲ្យ​យើង​ដឹង​អំពី​ប្រវត្តិ​នៃ​បញ្ហា​របស់​អ្នក​គឺ​សំខាន់​ណាស់​ដើម្បី​ឲ្យ​យើង​អាច​វិនិច្ឆយ​ថា​តើ​អ្នក​នឹង​ទទួល​ប្រយោជន៍​ពី​វគ្គសិក្សា​នេះ​ឬ​ទេ។


តើ​ខ្ញុំ​ត្រូវតែ​ជា​ពុទ្ធសាសនិកជន​ឬ ទើប​ខ្ញុំ​បដិបត្តិ​វិបស្សនា​បាន?

មនុស្ស​មក​ពី​សាសនា​យ៉ាង​ច្រើន ឬ ឥត​សាសនា បាន​ឃើញ​ថា​វគ្គសិក្សា​ចម្រើន​កម្មដ្ឋាន​នេះ ជួយ​គេ ហើយ​មាន​ប្រយោជន៍​ផង។ វិបស្សនា​ជា​សិល្ប៍សាស្ត្រ​នៃ​ការរស់នៅ គឺជា​របៀប​នៃ​ការរស់នៅ​មួយ។ ថ្វី​បើ​វិបស្សនា​ជា​ខ្លឹមសារ​នៃ​ការបង្រៀន​របស់​ព្រះពុទ្ធ​ក៏​ដោយ ក៏​ប៉ុន្តែ​វិបស្សនា​មិនមែន​ជា​សាសនា​ទេ ផ្ទុយ​ទៅវិញ វិបស្សនា​គឺ​ការបណ្តុះ​បណ្តាល​តម្លៃ​មនុស្ស​លោក​ដែល​នាំ​ឲ្យ​មាន​ការរស់នៅ​ល្អ​សម្រាប់​ខ្លួនឯង​ផង និង សម្រាប់​អ្នក​ឯ​ទៀត​ផង​ដែរ។


តើ​ហេតុ​ដូចម្តេច​បានជា​ខ្ញុំ​ត្រូវតែ​ស្នាក់នៅ​ពេញ​ទាំង 10 ថ្ងៃ?

វិបស្សនា​ត្រូវ​បង្រៀន​មួយ​ដំណាក់​ម្តងៗ ដោយ​មាន​ដំណាក់​ថ្មីៗ​ទៀត​រៀងរាល់​ថ្ងៃ រហូត​ដល់​ទីបញ្ចប់​នៃ​វគ្គសិក្សា។ បើ​អ្នក​ឈប់​មុន​ពេល​កំណត់ អ្នក​មិន​បាន​រៀន​បច្ចេកទេស​នេះ​ពេញលេញ​ឡើយ ហើយ​មិន​បាន​ផ្តល់​ឱកាស​ឲ្យ​បច្ចេកទេស​នេះ​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ដែរ។ ហើយ​ម្យ៉ាងទៀត ដោយ​បដិបត្តិ​យ៉ាង​ខ្លាំងក្លា អ្នកចូលរួម​ក្នុង​វគ្គសិក្សា​បាន​ផ្តួចផ្តើម​នូវ​ដំណើរការ​ដែល​បាន​សម្រេច​ប្រយោជន៍​ដោយសារ​ការបំពេញ​វគ្គសិក្សា​ទាំងស្រុង។ ការចាកចោល​វគ្គ​សិក្សា​មុន​ទីបញ្ចប់ មិន​គួរ​ធ្វើ​ឡើយ។


តើ​វា​មាន​គ្រោះថ្នាក់​ឬ​ទេ ក្នុង​ការ​ចាកចេញ​ពី​វគ្គសិក្សា​មុនពេល​កំណត់?

ចំណុច​សំខាន់​គឺ​ថា​ការឈប់​មុន​ពេល​បញ្ចប់​ជា​ការខ្វះខាត​ចំពោះ​ខ្លួន​អ្នក​ផ្ទាល់។ អ្នក​មិន​ផ្តល់​ឱកាស​ឲ្យ​ខ្លួន​អ្នក​ដើម្បី​រៀន​បច្ចេកទេស​ឲ្យ​បានពេញ​លេញ ហើយ​ដោយ​ហេតុនេះ អ្នក​មិន​អាច​យក​វា​មក​អនុវត្ត​ក្នុង​ជីវិត​ប្រចាំថ្ងៃ​បាន​ដោយ​ជោគជ័យ​ទេ។ អ្នក​បាន​បញ្ឈប់​ការសិក្សា​នៅ​ពាក់កណ្តាល​ផងដែរ ដោយ​មិន​បាន​ឲ្យ​ការសិក្សា​ទៅ​ដល់​ទី​បញ្ចប់​ត្រឹមត្រូវ។ ដោយ​ត្រឡប់​ទៅ​ផ្ទះ​មួយ ឬ ពីរ​ថ្ងៃ​មុន អ្នក​បាន​បង្ខាត​ពេល​ដែល​អ្នក​បាន​ចំណាយ។


ចុះ​ចំណែក​ថ្ងៃទី 10 នៅពេល​ដែល​អនុញ្ញាត​ឲ្យ​និយាយ​គ្នា ហើយ​ការចម្រើន​កម្មដ្ឋាន​ហ្មត់ចត់​ត្រូវ​ឈប់ តើ​ខ្ញុំ​អាច​ទៅ​ផ្ទះ​បាន​ឬទេ?

ថ្ងៃទី 10 គឺជា​ថ្ងៃ​ផ្លាស់ប្តូរ​មួយ​យ៉ាង​សំខាន់​សម្រាប់​ឲ្យ​អ្នក​ត្រឡប់​ទៅរក​ការរស់នៅ​ជា​ប្រក្រតី​វិញ។ ឥត​មាន​អ្នកណា​ម្នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​នៅក្នុង​ថ្ងៃ​នោះ​ទេ។