សិល្ប៍សាស្ត្រ​នៃ​ការរស់នៅ “វិបស្សនា​កម្មដ្ឋាន”


អត្ថបទ​ទាំងនេះ​គឺ​ផ្អែក​លើ​សុន្ទរកថា​របស់​លោក ស.ន. ហ្គោឥនកា នៅ​ក្នុង​ទីក្រុង​ប៊ឺន ប្រទេស​ស្វីស។

មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ខំ​ស្វែងរក​សន្តិភាព និង សុខដុមរមនា ពីព្រោះ​គេ​ចេះ​តែ​ខ្វះ​សេចក្តី​សុខ​នេះ​នៅ​ក្នុង​ជីវភាព​រស់នៅ​សព្វថ្ងៃ។ មាន​ពេល​ខ្លះ គេ​ជួប​ប្រទះ​នឹង​ភាពឣន្ទះ​ឣន្ទែង សេចក្តី​ក្តៅ​ក្រហាយ ភាពមិន​ស្រុះស្រួល​គ្នា។ ហើយ​កាលណា​គេ​រង​ទុក្ខ គេ​មិន​រក្សា​វា​ទុក​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គេ​តែងតែ​ចែក​វា​ទៅ​ឲ្យ​ឣ្នកដទៃ​ផងដែរ។ ទុក្ខ​នេះ​បាន​ជ្រាប​ចូល​ទៅ​ក្នុង​បរិយាកាស​នៅ​ជុំវិញ​មនុស្ស​រង​ទុក្ខ ហើយ​មនុស្ស​គ្រប់​គ្នា​ដែល​ចូល​មក​ប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស​នេះ នឹង​ប្រែ​ទៅ​ជា​ក្តៅ​ក្រហាយ ទៅ​ជា​ឣន្ទះ​ឣន្ទែង​ដែរ។ របៀប​រស់នៅ​បែប​នេះ​ពិត​ជា​មិន​ត្រឹមត្រូវ​ឡើយ។

មនុស្ស​ម្នាក់ៗ​ត្រូវ​តែ​រស់នៅ​ដោយ​សន្តិភាព ជាមួយ​ខ្លួន​ឯង​ផង ជាមួយ​ឣ្នក​ឯ​ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​លោក​ជា​ជន​សង្គម គេ​ត្រូវ​តែ​រស់​នៅ​ក្នុង​សង្គម គេ​ត្រូវ​រស់ និង ប្រាស្រ័យ​ទាក់ទង​ជាមួយ​ឣ្នក​ឯ​ទៀត។ តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​រស់នៅ​ដោយ​សន្តិភាព? តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ស្ថិតនៅ​ដោយ​សុខដុមរមនា​ជាមួយ​ខ្លួន​យើង ហើយ​រក្សា​ឲ្យ​មាន​សន្តិភាព និង សុខដុមរមនា​នៅ​ជុំ​វិញ​ខ្លួន​យើង​ផង ដើម្បី​ឲ្យ​ឣ្នកដទៃ​ឣាច​រស់នៅ​ដោយ​សន្តិភាព និង សុខដុមរមនា​ផង​ដែរ?

ដើម្បី​រំដោះ​ចេញ​ពី​ទុក្ខ យើង​ត្រូវ​ដឹង​ដើម​ហេតុ​ជា​មូលដ្ឋាន​របស់​ទុក្ខ​ជា​មុន​សិន។ បើ​យើង​សង្កេត​មើល​បញ្ហា​នេះ​ដោយ​ពិនិត្យ​ពិច័យ វា​នឹង​ប្រែ​ទៅ​ជា​ច្បាស់​ណាស់​ថា កាលណា​យើង​ចាប់ផ្តើម​បង្ក​បង្កើត​ភាពឣកុសល ឬ កិលេស​ណា​មួយ​នៅ​ក្នុង​ចិត្ត យើង​ត្រូវតែ​ក្លាយ​ទៅ​ជា​រង​ទុក្ខ។ ភាពឣកុសល, កិលេស ឬ គ្រឿង​សៅហ្មង​នៅ​ក្នុង​ចិត្ត មិន​ឣាច​រួម​រស់​នៅ​ជាមួយ​សន្តិភាព និង សុខដុមរមនា​បាន​ឡើយ។

តើ​គេ​ចាប់​បង្ក​បង្កើត​ភាពឣកុសល​យ៉ាង​ដូចម្តេច? ដោយសារ​ការសង្កេត​មើល​ដោយ​ពិនិត្យ​ពិច័យ វា​នឹង​ប្រែ​ទៅ​ជា​ច្បាស់​ណាស់​ដែល​ថា កាលណា​យើង​ឃើញ​នរណា​ម្នាក់​មាន​ចរិយា​មារយាទ​ដែល​យើង​មិន​ចូលចិត្ត កាលណា​យើង​ឃើញ​វត្ថុ​ឣ្វី​មួយ​ដែល​យើង​មិន​ចូលចិត្ត​កើត​ឡើង យើង​នឹង​ក្លាយ​ទៅ​ជា​មិន​សប្បាយ។ របស់​មិន​ចង់​បាន​កើត​ឡើង នោះ​យើង​បង្កើត​ភាពតានតឹង​នៅ​ក្នុង​ខ្លួន។ របស់​ចង់​បាន​មិន​កើត​ឡើង ឬ ឧបសគ្គ​ខ្លះ​មក​រារាំង នោះ​យើង​ក៏​បង្កើត​ភាពតានតឹង​នៅ​ក្នុង​ខ្លួន​ដែរ។ យើង​ចាប់​ចង​ចំណង​នៅ​ក្នុង​ខ្លួន។ នៅ​ក្នុង​ជីវភាព​ទាំងមូល របស់​មិន​ចង់​បាន​ចេះ​តែ​កើត​ឡើង រី​ឯ​របស់ចង់​បាន​វិញ ជួនកាល​វា​កើត​ឡើង ជួន​កាល​វា​មិន​កើត​ឡើង​ទេ។ ដំណើរ​ប្រតិកម្ម​បង្កើត​បាន​ជា​ចំណង​មួយ​យ៉ាង​មាំ ដែល​ចេះ​តែ​ធ្វើ​ឲ្យ​រចនា​សម្ពន្ធ​ចិត្ត និង រចនា​សម្ពន្ធ​កាយ​ទាំងមូល​មាន​ភាពតានតឹង​យ៉ាង​ខ្លាំង ពោរពេញ​ដោយ​ភាពឣកុសល នាំ​ឲ្យ​យើង​ក្លាយ​ទៅ​ជា​រង​ទុក្ខ។

ឥឡូវ​នេះ​មាន​ដំណោះស្រាយ​មួយ​សម្រាប់​បញ្ហា​ហ្នឹង គឺ​ថា​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​របស់​ដែល​យើង​មិន​ចង់​បាន​កើត​ឡើង​នៅក្នុង​ជីវភាព​របស់​យើង ហើយ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​របស់​ដែល​យើង​ចង់​បាន​ចេះ​តែ​កើត​ឡើង​ដូច​បំណង។ យើង​ត្រូវតែ​មាន​ឥទ្ធិពល​បែបនេះ ឬ​មួយ​ត្រូវតែ​នរណា​ម្នាក់​មាន​ឥទ្ធិពល​បែប​នេះ​មក​ជួយ​យើង ធ្វើ​កុំ​ឲ្យ​របស់​ដែល​យើង​មិន​ចង់​បាន​កើត​ឡើង ហើយ​របស់​ដែល​យើង​ចង់​បាន​ចេះ​តែ​កើត​ឡើង។ ប៉ុន្តែ​នេះ​ជា​ការដែល​គេ​មិន​ឣាច​ធ្វើ​បាន​ឡើយ។ នៅក្នុង​លោក​នេះ គ្មាន​នរណា​ម្នាក់​ចេះ​តែ​បាន​ឣ្វីៗ​ដូច​បំណង​ឡើយ គ្មាន​របស់​ឣ្វី​នៅក្នុង​ជីវិត​នេះ​ចេះ​តែ​កើត​ឡើង​ដូច​សេចក្តី​ប្រាថ្នា ដោយ​ឥត​មាន​របស់​មិន​ចង់​បាន​កើត​ឡើង​ទេ។ ផ្ទុយ​ទៅ​វិញ ឣ្វីៗ​ចេះ​តែ​កើត​ឡើង​ខុស​ពី​បំណង ខុស​ពី​សេចក្តី​ប្រាថ្នា​របស់​យើង​ជានិច្ច។ ដូច្នេះ បញ្ហា​គឺ​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច​កុំ​ឲ្យ​មាន​ប្រតិកម្ម​ដោយ​ងងឹត​ងងល់​ចំពោះ​របស់​ដែល​យើង​មិន​ចូលចិត្ត​នេះ? តើ​ត្រូវ​ធ្វើ​ដូចម្តេច​កុំ​ឲ្យ​យើង​មាន​ភាពតានតឹង​នៅក្នុង​ចិត្ត ហើយ​ស្ថិត​នៅ​ដោយ​សន្តិភាព និង សុខដុមរមនា​បាន?

នៅ​ប្រទេស​ឥណ្ឌា ក៏ដូចជា​នៅ​ប្រទេស​ឯ​ទៀតៗ​ដែរ ឣរិយបុគ្គល​ទាំងឡាយ​ក្នុងសម័យ​បូរាណ បាន​សិក្សា​បញ្ហា​ទុក្ខ​របស់​មនុស្ស​នេះ ហើយ​បាន​រក​ឃើញ​ដំណោះស្រាយ​មួយ៖ បើ​របស់​ឣ្វី​មួយ​ដែល​គេ​មិន​ចង់​បាន​កើត​ឡើង ហើយ​គេ​ចាប់​ធ្វើ​ប្រតិកម្ម​ដោយ​បង្ក​បង្កើត​កំហឹង, ការភ័យ​ខ្លាច ឬ ភាពឣកុសល​ណា​មួយ នុ៎ះ​គេ​ត្រូវ​តែ​ប្រញាប់​បង្វែរ​ចិត្ត​ទៅ​លើ​របស់​ផ្សេង។ ដូចជា​គេ​ក្រោក​ឈរ​ឡើង យក​ទឹក​មួយ​កែវ​មក​ផឹក។ ដូច្នេះ​កំហឹង​របស់​គេ​មិន​បង្កើន​ចំនួន​ឡើយ ផ្ទុយ​ទៅ​វិញ​វា​ថម​ថយ​កម្លាំង។ បើ​មិន​ដូច្នោះ​ទេ គេ​ចាប់​រាប់ 1,2,3,4 - 1,2,3,4។ ឬ គេ​ទន្ទេញ​ពាក្យ​មួយ​ម៉ាត់ ឬ មួយ​ប្រយោគ ឬ មន្ត​ឣ្វី​មួយ ឬ គេ​ទន្ទេញ​ឈ្មោះ​ព្រះឣាទិទេព ឬ បុគ្គល​បរិសុទ្ធ​ណា​មួយ​ដែល​គេ​គោរព​បូជា។ ចិត្ត​របស់​គេ​នឹង​ត្រូវ​ងាក​ចេញ​ទៅ​ទី​ផ្សេង ហើយ​គេ​នឹង​បាន​ចេញ​ផុត​មួយ​កម្រិត​ពី​ភាពឣកុសល ពី​កំហឹង​នេះ។

ដំណោះស្រាយ​នេះ​មាន​ប្រសិទ្ធភាព ហើយ​នៅ​តែ​មាន​ប្រសិទ្ធភាព​ត​ទៅ​ទៀត។ ដោយសារ​របៀប​នេះ ចិត្ត​ហាក់​ដូចជា​បាន​រំដោះ​ពី​ភាពឣន្ទះ​ឣន្ទែង។ ប៉ុន្តែ​តាម​ការពិត ដំណោះស្រាយ​នេះ​មាន​ប្រសិទ្ធភាព​តែ​ត្រឹម​ថ្នាក់​សើ​លើ​របស់​ចិត្ត​ប៉ុណ្ណោះ។ ដោយសារ​ការបង្វែរ​សតិ​នេះ គេ​ត្រូវ​រុញ​ភាពឣកុសល​ឲ្យ​ចូល​ជ្រៅ​ទៅ​ក្នុង​ថ្នាក់​ទី​ជម្រៅ​នៃ​ចិត្ត ហើយ​នៅ​ថ្នាក់​ហ្នឹង គេ​ត្រូវ​បន្ត​បង្ក​បង្កើត និង បង្កើន​ចំនួន​កិលេស​ដដែល​នេះ។ នៅ​ផ្ទៃ​ខាង​លើ មាន​ស្រទាប់​សន្តិភាព និង សុខដុមរមនា​ពិត​មែន ប៉ុន្តែ​នៅ​ទីជម្រៅ​នៃ​ចិត្ត មាន​ភ្នំ​ភ្លើង​ដេក​សម្ងំ​នៃ​ភាពឣកុសល​ដែល​គេ​បាន​សន្ធប់​ចោល ទោះ​យូរ​ឬ​ឆាប់ ភ្នំ​ភ្លើង​ដេក​សម្ងំ​នេះ​នឹង​ផ្ទុះ​ចេញ​មក​យ៉ាង​ខ្លាំង។

ឣ្នករុករក​សេចក្តី​ពិត​ខាង​ក្នុង​ដទៃ​ទៀត បាន​ចូល​ជ្រៅ​ថែម​ទៀត ហើយ​បាន​រក​ឃើញ​ថា ដោយសារ​ការពិសោធ​ឃើញ​ការពិត​ឣំពី​ចិត្ត និង កាយ​នៅ​ក្នុង​ខ្លួន គេ​បាន​ទទួល​ស្គាល់​ថា ការបង្វែរ​ចិត្ត​គឺ​គ្រាន់​តែ​ជា​ការរត់​គេច​ពី​បញ្ហា​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ការគេចវេះ​មិន​មែន​ជា​ការដោះស្រាយ​ទេ គេ​ត្រូវ​តែ​ប្រឈម​មុខ​នឹង​បញ្ហា។ កាលណា​មាន​ភាពឣកុសល​មួយ​កើត​ឡើង​នៅ​ក្នុង​ចិត្ត សូម​គ្រាន់តែ​ពិនិត្យ​មើល សូម​គ្រាន់តែ​ប្រឈម​មុខ​នឹង​ភាពឣកុសល​នេះ​ប៉ុណ្ណោះ។ នៅពេល​ណា​ដែល​គេ​ចាប់ផ្តើម​ពិនិត្យ​មើល​កិលេស​ណា​មួយ​ភ្លាម កិលេស​នេះ​នឹង​ចាប់​ថម​ថយ​កម្លាំង រួច​ហើយ​វា​នឹង​ត្រូវ​ស្វិត​ស្រពោន​ឣស់​បន្តិច​ម្តងៗ។

ដំណោះស្រាយ​មួយ​យ៉ាង​ប្រសើរ​គឺ​ការចៀសវាង​ចុង​បំផុត​ទាំង​ពីរ​ខាង​គឺ ការសន្ធប់ចោល និង ការបណ្តោយ​ឲ្យ​ប្រព្រឹត្ត​តាម​ចិត្ត។ ការរក្សា​ទុក​ភាពឣកុសល​នៅ​ក្នុង​ទី​ជម្រៅ​នៃ​ចិត្ត មិន​ឣាច​ធ្វើ​ឲ្យ​វា​ដាច់​ឫស​គល់​បាន​ឡើយ។ ហើយ​ការបណ្តោយ​ឲ្យ​ភាពឣកុសល​នេះ​បញ្ចេញ​ឲ្យ​ឃើញ​តាម​ឣំពើ​ដោយ​កាយ ឬ ដោយ​វាចា ក៏​គ្រាន់​តែ​នឹង​បង្កើត​ឲ្យ​មាន​បញ្ហា​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ប៉ុណ្ណោះ។ ប៉ុន្តែ បើ​គេ​គ្រាន់​តែ​ពិនិត្យ​មើល​នុ៎ះ កិលេស​នឹង​ត្រូវ​វិនាស​បាត់ ហើយ​គេ​បាន​ធ្វើ​ឲ្យ​ភាពឣកុសល​នេះ​ដាច់​ឫស​គល់ គេ​នឹង​បាន​រួច​ចេញ​ផុត​ពី​កិលេស​នេះ។

រឿង​នេះ​ហាក់​ដូចជា​ឣស្ចារ្យ​ណាស់ ប៉ុន្តែ​តើ​គេ​ឣាច​នឹង​យក​វា​មក​ឣនុវត្ត​បាន​ឬ​ទេ? គេ​មិន​ឣាច​ប្រឈម​មុខ​នឹង​កិលេស​បាន​ដោយ​ងាយ​ទេ។ កាលណា​កំហឹង​កើត​ឡើង វា​នឹង​គ្រប​សង្កត់​មក​លើ​យើង​យ៉ាង​ឆាប់​រហ័ស មិន​ឲ្យ​យើង​បាន​ដឹង​ខ្លួន​ជា​មុន​ផង។ ដូច្នេះ កាលណា​កំហឹង​គ្រប​សង្កត់​មក​លើ​យើង​ហើយ យើង​នឹង​ប្រព្រឹត្ត​ឣំពើ​ខ្លះ​ដោយ​កាយ ឬ ដោយ​វាចា ដែល​ធ្វើ​ឲ្យ​មាន​ទុក្ខ​ដល់​ខ្លួន​ឯង និង ដល់​ឣ្នកដទៃ។ ក្រោយ​មក កាលណា​កំហឹង​បាន​កន្លង​ផុត​ទៅ យើង​ក៏​តាំង​យំយែក យំ​សោក ហើយ​មាន​ការសោក​ស្តាយ ខំ​សុំ​ទោស​គេ​ឯង ឬ សុំ​ទោស​ព្រះឣាទិទេព៖ “ឱ! ព្រះ​ម្ចាស់​ថ្លៃ​ឣើយ! ខ្ញុំ​ខុស​ហើយ សុំ​ឣត់​ទោស​ឲ្យ​ខ្ញុំ​ផង!” ប៉ុន្តែ​នៅពេល​ក្រោយ​ទៀត ក្នុង​ស្ថានភាព​ដដែល​ដូចគ្នា យើង​នៅ​តែ​ធ្វើ​ប្រតិកម្ម​ដដែល​សារ​ថ្មី​ទៀត។ ការសោកស្តាយ​ទាំង​ប៉ុន្មាន​នេះ​គ្មាន​ប្រយោជន៍​ឣ្វី​សោះ។

ការណ៍​ដែល​ពិបាក គឺ​មក​ពី​យើង​មិន​ដឹង​ខ្លួន​ថា តើ​នៅពេល​ណា​កិលេស​នឹង​ចាប់​កើត​ឡើង។ កិលេស​ចាប់​កើត​ឡើង​នៅ​ថ្នាក់​ទី​ជម្រៅ​នៃ​ចិត្ត ហើយ​នៅពេល​ដែល​វា​ឡើង​មក​ដល់​ថ្នាក់​ខាង​លើ វា​មាន​កម្លាំង​ខ្លាំង​ណាស់ វា​គ្រប​សង្កត់​លើ​យើង និង ធ្វើ​ឲ្យ​យើង​មិន​ឣាច​ពិនិត្យ​មើល​វា​បាន​ឡើយ។

ឧបមា​ថា ខ្ញុំ​ជួល​លេខាធិការ​ផ្ទាល់​ខ្លួន​ម្នាក់ ហើយ​កាលណា​កំហឹង​កើត​ឡើង លេខាធិការ​នោះ​ប្រាប់​ខ្ញុំ​ថា៖ “នែ​លោក! កំហឹង​កើត​ឡើង​ហើយ!” ប៉ុន្តែ​ដោយ​មក​ពី​ខ្ញុំ​មិន​ឣាច​ដឹង​បាន​ថា តើ​កំហឹង​នឹង​កើត​នៅ​ពេល​ណា ម៉ោង​ណា​ឲ្យ​ពិត​ប្រាកដ​នោះ ដូច្នេះខ្ញុំ​ត្រូវតែ​មាន​លេខាធិការ​ផ្ទាល់​ខ្លួន 3 នាក់ សម្រាប់​ផ្លាស់​ប្តូរ​វេន​គ្នា​បី​ដង​ក្នុង​ពេល 24 ម៉ោង! ឧបមា​ថា ខ្ញុំ​មាន​លុយ​សម្រាប់​ធ្វើ​ការចំណាយ​បែប​នេះ​ចុះ ហើយ​កំហឹង​ក៏​ចាប់ផ្តើម​ឡើង។ ភ្លាម​នោះ លេខាធិការ​ក៏​ប្រាប់​ខ្ញុំ​ថា “នែ​លោក មើល​ហ្ន៎! កំហឹង​កើត​ឡើង​ហើយ!” រឿង​ដំបូង​ដែល​ខ្ញុំ​ធ្វើ​គឺ ខ្ញុំ​នឹង​ស្តី​បន្ទោស​លេខាធិការ​នេះ​ភ្លាម៖ “យី ! ឯង​ឆ្កួត​ទេ​ឬ​ឣី? ឯង​ស្មាន​ថា​ឣញ​ចេញ​លុយ​ដើម្បី​ឲ្យ​ឯង​មក​បង្រៀន​ឣញ​ដូច្នេះ​ឬ?” កំហឹង​បាន​គ្រប​សង្កត់ នាំ​ឲ្យ​ពាក្យ​ទូន្មាន​ល្អ​មិន​ជួយ​ខ្ញុំ​បាន​បន្តិច​សោះ។

ឧបមា​ថា គតិ​បណ្ឌិត​មាន​ភាពលើសលុប ហើយ​ខ្ញុំ​មិន​ស្តី​បន្ទោស​លេខាធិការ​ទេ។ ខ្ញុំ​ត្រឡប់​ជា​និយាយ​ថា៖ “ឣរគុណ​ឯង​ហើយ។ ឥឡូវ​ខ្ញុំ​ត្រូវ​ឣង្គុយ​ចុះ ហើយ​ពិនិត្យ​មើល​កំហឹង​របស់​ខ្ញុំ។” តើ​ការណ៍​នោះ​ឣាច​ធ្វើ​បាន​ឬ​ទេ? គ្រាន់​តែ​ខ្ញុំ​ធ្មេច​ភ្នែក ហើយ​សាកល្បង​ពិនិត្យ​មើល​កំហឹង​ភ្លាម មូលហេតុ​នៃ​កំហឹង មនុស្ស ឬ ឧប្បត្តិហេតុ​ដែល​នាំ​ឲ្យ​មាន​កំហឹង នឹង​ចូល​មក​ក្នុង​ចិត្ត​ភ្លាម។ ដោយ​ហេតុនេះ ខ្ញុំ​មិន​ពិនិត្យ​មើល​កំហឹង​ទេ ខ្ញុំ​គ្រាន់តែ​ពិនិត្យ​មើល​ថ្នាំ​ដាស់​កំហឹង​នៅ​ខាងក្រៅ​ប៉ុណ្ណោះ។ ការណ៍​នេះ​នឹង​គ្រាន់តែ​បង្កើន​កម្លាំង​កំហឹង​ឲ្យ​ខ្លាំង​ថែម​ទៀត​ប៉ុណ្ណោះ ដូច្នេះ​វា​មិន​មែន​ជា​ដំណោះស្រាយ​ទេ។ ការពិនិត្យ​មើល​ភាពឣកុសល មើល​ការរំជួល​ចិត្ត​ដែល​ជា​របស់​ឥត​រូប ដោយ​ឥត​គិត​ពី​វត្ថុ​ខាង​ក្រៅ​ដែល​នាំ​ឲ្យ​កើត​ភាពឣកុសល​នេះ ជា​ការពិបាក​ណាស់។

ប៉ុន្តែ ចំពោះ​លោក​ដែល​បាន​ទៅ​ដល់​សេចក្តី​ពិត​ចុង​បំផុត ពោល​គឺ “បរមត្ថ​សច្ច:” លោក​បាន​រក​ឃើញ​ដំណោះស្រាយ​ពិត​ប្រាកដ​មួយ។ លោក​បាន​រក​ឃើញ​ថា កាលណា​កិលេស​ណា​មួយ​កើត​ឡើង​នៅ​ក្នុង​ចិត្ត មាន​របស់​ពីរ​ត្រូវ​កើត​ឡើង​ព្រម​គ្នា​នៅ​ក្នុង​កាយ។ របស់​មួយ​គឺ ដង្ហើម​ប្រែ​ខុស​ពី​ធម្មតា។ កាលណា​មាន​ភាពឣកុសល​ណា​មួយ​នៅ​ក្នុង​ចិត្ត យើង​ចាប់​ដក​ដង្ហើម​ខ្លាំង​ជាង​មុន។ នេះ​ជា​ការស្រួល​ពិនិត្យ​មើល​ណាស់។ នៅ​ថ្នាក់​ល្អិតល្អន់​ជាង​នេះ មាន​ជាតិ​ជីវគីមី​ខ្លះ​ចាប់ផ្តើម​កើត​ឡើង​នៅ​ក្នុង​កាយ​នាំ​ឲ្យ​មាន​វេទនា​ផ្សេងៗ។ កិលេស​នីមួយៗ​នឹង​បង្ក​បង្កើត​វេទនា​បែប​ណា​មួយ​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​កាយ។

នេះ​ជា​ដំណោះស្រាយ​មួយ​ដែល​ស្រួល​បដិបត្តិ។ មនុស្ស​ធម្មតា​មិន​ឣាច​ពិនិត្យ​មើល​កិលេស​នៃ​ចិត្ត​ដែល​ជា​របស់​ឥត​រូប ដូចជា​ការភ័យខ្លាច, កំហឹង ឬ តណ្ហា​បាន​ទេ។ ប៉ុន្តែ ដោយសារ​ការហាត់​ហ្វឺកហ្វឺន និង ការបដិបត្តិ​ដោយ​ត្រឹមត្រូវ គេ​ឣាច​ពិនិត្យ​មើល​ដង្ហើម និង វេទនា​នៅ​ក្នុង​ខ្លួន​បាន​ដោយ​ងាយ។ ដង្ហើម និង វេទនា ទាំង​ពីរ​នេះ​មាន​ការទាក់ទង​ផ្ទាល់​ជាមួយ​នឹង​កិលេស​នៃ​ចិត្ត។

ដង្ហើម និង វេទនា នឹង​ជួយ​យើង​តាម​របៀប​ពីរ​យ៉ាង។ ជា​បឋម របស់​ទាំង​ពីរ​នេះ​ដើរ​តួ​ជា​លេខាធិការ​ផ្ទាល់។ នៅពេល​ដែល​កិលេស​មួយ​ចាប់ផ្តើម​ឡើង​នៅ​ក្នុង​ចិត្ត​ខ្ញុំ​ភ្លាម ដង្ហើម​នឹង​បាត់​ភាពធម្មតា វា​នឹង​ចាប់ផ្តើម​ស្រែក​ថា៖ “មើល​ចុះ! មាន​ឣ្វី​មួយ​មិន​ស្រួល​កើត​ឡើង​ហើយ!” យើង​មិន​ឣាច​ស្តី​បន្ទោស​ដង្ហើម​បាន​ទេ។ យើង​ត្រូវ​តែ​ទទួល​ស្តាប់​សេចក្តី​ព្រមាន​នេះ។ ដូចគ្នា​នេះ​ដែរ វេទនា​នឹង​ប្រាប់​យើង​ថា​មាន​ឣ្វី​មួយ​ដើរ​មិន​ស្រួល​ហើយ។ ដោយ​បាន​ទទួល​សេចក្តី​ព្រមាន យើង​ក៏​ចាប់ផ្តើម​ពិនិត្យ​មើល​ដង្ហើម មើល​វេទនា ហើយ​យើង​នឹង​សង្កេត​ឃើញ​យ៉ាង​រហ័ស​ថា កិលេស​ត្រូវ​វិនាស​បាត់​ទៅ​វិញ។

បាតុភូត​នៃ​ចិត្ត និង កាយ​នេះ គឺ​ដូចជា​ប្រាក់​កាក់​ទាំង​ពីរ​ចំហៀង។ ម្ខាង​គឺ​គំនិត ឬ ការរំជួលចិត្ត ដែល​កើត​ឡើង​នៅ​ក្នុង​ចិត្ត រីឯ​មួយ​ចំហៀង​ម្ខាង​ទៀត​គឺ​ដង្ហើម និង វេទនា​នៅ​ក្នុង​កាយ។ គំនិត ឬ ការរំជួលចិត្ត​ទាំងឡាយ កិលេស​ទាំងឡាយ​ដែល​កើត​ឡើង​នឹង​បញ្ចេញ​ឲ្យ​ឃើញ​ជាក់​ស្តែង​នៅ​ក្នុង​ដង្ហើម និង វេទនា ក្នុង​ខណៈ​នោះ។ ដូច្នេះ ដោយសារ​បាន​ពិនិត្យ​មើល​ដង្ហើម ឬ វេទនា យើង​បាន​ពិនិត្យ​មើល​កិលេស​ដោយ​ត្រង់​ចំ​ផ្ទាល់​តែ​ម្តង។ ជំនួស​ការរត់​គេច​ចេញ​ពី​បញ្ហា យើង​ប្រឈម​មុខ​ត​ទល់​នឹង​សេចក្តី​ពិត តាម​សភាព​ពិត​របស់​វា។ ពេល​នោះ យើង​នឹង​សង្កេត​ឃើញ​ថា កិលេស​ថយ​កម្លាំង ហើយ​មិន​ឣាច​គ្រប​សង្កត់​មក​លើ​យើង​បាន​ដូច​កាល​មុន​ទៀត​ទេ។ បើ​យើង​ចេះ​តែ​ព្យាយាម​ធ្វើ​តៗ​ទៅ កិលេស​នឹង​ត្រូវ​វិនាស​បាត់​ឣស់ ហើយ​យើង​នឹង​ចាប់​រស់នៅ​ដោយ​សន្តិភាព និង សុភមង្គល គឺ​ជា​ជីវិត​មួយ​ដែល​រួច​ផុត​ពី​កិលេស​ផ្សេងៗ។

តាម​របៀប​នេះ បច្ចេកទេស​ពិនិត្យ​មើល​ខ្លួន​ឯង​នឹង​បង្ហាញ​យើង​ឲ្យ​ឃើញ​ការពិត​ក្នុង​ទិដ្ឋភាព​ពីរ​គឺ នៅ​ខាងក្នុង និង នៅ​ខាងក្រៅ។ កាល​ពី​មុន យើង​ចេះ​តែ​មើល​ទៅ​ក្រៅ ដោយ​ភ្លេច​សេចក្តី​ពិត​នៅ​ខាង​ក្នុង។ យើង​ចេះ​តែ​មើល​ទៅ​ក្រៅ ដើម្បី​រក​ហេតុ​ដែល​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ។ យើង​ចេះ​តែ​បន្ទោស ហើយ​ខំ​ផ្លាស់ប្តូរ​ការពិត​នៅ​ខាង​ក្រៅ។ ដោយ​មិន​ដឹង​ការពិត​នៅ​ខាង​ក្នុង យើង​មិន​ដែល​យល់​សោះ​ថា ដើម​ហេតុ​នៃ​ទុក្ខ​ស្ថិត​នៅ​ខាង​ក្នុង គឺ​ជា​ប្រតិកម្ម​ងងឹត​ងងល់​របស់​យើង​តប​នឹង​វេទនា​ជា​សុខ និង ជា​ទុក្ខ​ឯណោះ​ទៅ​វិញ​ទេ។

ឥឡូវ​នេះ ដោយសារ​ការហាត់​ហ្វឹកហ្វឺន យើង​ឣាច​មើល​ឃើញ​មុខ​ម្ខាង​ទៀត​នៃ​ប្រាក់​កាក់។ យើង​ឣាច​មាន​សតិ​ដឹង​ឣំពី​ដង្ហើម និង ឣំពី​ឣ្វីៗ​ដែល​កើត​ឡើង​នៅ​ខាង​ក្នុង​ផង​ដែរ។ ទោះ​ជា​ឣ្វី​ក៏​ដោយ ឬ​មួយ​ដង្ហើម ឬ​មួយ​វេទនា យើង​គ្រាន់​តែ​ហាត់​រៀន​ពិនិត្យ​មើល​វា ដោយ​មិន​បាត់​លំនឹង​ចិត្ត​ប៉ុណ្ណោះ។ យើង​ឈប់​ធ្វើ​ប្រតិកម្ម ឈប់​បង្កើន​ភាពរង​ទុក្ខ។ ផ្ទុយ​ទៅ​វិញ យើង​បណ្តោយ​ឲ្យ​កិលេស​ចេញ​មក ហើយ​វិនាស​បាត់​ទៅ​វិញ។

បើ​គេ​បដិបត្តិ​បច្ចេកទេស​នេះ​បាន​ច្រើន​ប៉ុណ្ណា ភាពឣកុសល​ទាំងឡាយ​ក៏​នឹង​ត្រូវ​រលាយ​បាន​ឆាប់​រហ័ស​ប៉ុណ្ណោះ​ដែរ។ បន្តិច​ម្តងៗ ចិត្ត​នឹង​ត្រូវ​បាន​រំដោះ​ចេញ​ពី​កិលេស​ទាំង​ឡាយ​ហើយ​ប្រែ​ទៅ​ជា​បរិសុទ្ធ។ ចិត្ត​បរិសុទ្ធ​តែង​ពោរពេញ​ដោយ​មេត្តា​ចំពោះ​ឣ្នកដទៃ​ទាំង​ឣស់ ពោរពេញ​ដោយ​ករុណា​ចំពោះ​ការខ្វះខាត និង ទុក្ខ​សោក​របស់​ឣ្នកដទៃ ពោរពេញ​ដោយ​មុទិតា​គឺ​សេចក្តី​ត្រេកឣរ​ចំពោះ​ជោគជ័យ និង សុភមង្គល​របស់​ឣ្នកដទៃ ពោរពេញ​ដោយ​ឧបេក្ខា​គឺ​ភាពមិន​លម្អៀង​ចិត្ត​នៅ​ចំពោះ​មុខ​ស្ថានភាព​គ្រប់​បែប​យ៉ាង។

កាលណា​គេ​បាន​ទៅ​ដល់​ដំណាក់​នេះ​ហើយ លំនាំ​បែបបទ​នៃ​ជីវភាព​ទាំងមូល​របស់​គេ​ផ្លាស់ប្តូរ។ គេ​មិន​ឣាច​ធ្វើ​ឣ្វី​មួយ​ដោយ​កាយ ឬ ដោយ​វាចា​ដែល​នាំ​ឲ្យ​ខូច​សន្តិភាព និង សុភមង្គល​របស់​ឣ្នកដទៃ​បាន​ទៀត​ឡើយ។ ផ្ទុយ​ទៅ​វិញ ចិត្ត​ដែល​មាន​លំនឹង មិន​គ្រាន់​តែ​ប្រែ​ទៅ​ជា​មាន​សុខ​សន្តិភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​បរិយាកាស​នៅ​ជុំ​វិញ​ប្រែ​ទៅ​ជា​មាន​សុខ​សន្តិភាព​ផង​ដែរ។ រឿង​នេះ​នឹង​ចាប់ផ្តើម​មាន​ឥទ្ធិពល​លើ​ឣ្នកដទៃ ហើយ​ឣាច​ជួយ​ឣ្នកដទៃ​ផង​ដែរ។

ដោយ​ការហាត់​រៀន​ដើម្បី​ស្ថិត​នៅ​ដោយ​មាន​លំនឹង​ចំពោះ​ឣ្វីៗ​ទាំង​ឣស់​ដែល​គេ​ពិសោធ​ឃើញ​ខាង​ក្នុង គេ​បណ្តុះ​បណ្តាល​ការមិន​ប្រកាន់​ខ្ជាប់​លើ​ឣ្វីៗ​ទាំង​ឣស់​ដែល​គេ​ជួប​ប្រទះ​នៅ​ក្នុង​ស្ថានភាព​ខាងក្រៅ​ថែម​ទៀត​ផង។ ប៉ុន្តែ​ការមិន​ប្រកាន់​ខ្ជាប់​នេះ​មិន​មែន​ជា​ការគេច​វេះ ឬ ការព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​ទាំងឡាយ​នៃ​លោក​នេះ​ទេ។ ឣ្នកចម្រើន​វិបស្សនា​កម្មដ្ឋាន​ទៀង​ទាត់​ប្រែ​ទៅ​ជា​ឆាប់​ចាប់​ឣារម្មណ៍​ចំពោះ​ទុក្ខ​សោក​របស់​ឣ្នកដទៃ ហើយ​ខំ​ឲ្យ​អស់​សមត្ថភាព​ដើម្បី​ជួយ​សម្រាល​ទុក្ខ​ឣ្នកដទៃ​តាម​របៀប​ដែល​ខ្លួន​ឣាច​ធ្វើ​ទៅ​បាន គឺ​ថា​មិន​មែន​ដោយ​ភាពឣន្ទះ​ឣន្ទែង​ណា​មួយ​ឡើយ តែ​ដោយ​ចិត្ត​ពោរ​ពេញ​ដោយ​មេត្តា ករុណា មុទិតា និង ឧបេក្ខា។ គេ​ហាត់​រៀន​របៀប​ប្តេជ្ញា​ចិត្ត​ពេញ​ទី ក្នុង​ការជួយ​ឣ្នកដទៃ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ គេ​រក្សា​លំនឹង​ចិត្ត​ផង​ដែរ។ តាម​របៀប​នេះ គេ​ស្ថិត​នៅ​ដោយ​សន្តិភាព និង សុខ​សប្បាយ នៅ​ពេល​ដែល​គេ​ធ្វើការ​ដើម្បី​សន្តិភាព និង សុភមង្គល​របស់​ឣ្នកដទៃ។

នេះ​ហើយ​ជា​ការបង្រៀន​របស់​ព្រះពុទ្ធ៖ សិល្ប៍សាស្ត្រ​នៃ​ការរស់នៅ (របៀប​រស់នៅ) មួយ។ ព្រះឣង្គ​មិន​ដែល​បង្កើត ឬ ប្រៀន​ប្រដៅ​សាសនា ឬ និកាយ​និយម​ណា​មួយ​ឡើយ។ ព្រះឣង្គ​មិន​ដែល​បង្ហាត់​បង្រៀន​សាវ័ក​ឲ្យ​ប្រារឰ​ធ្វើ​ពិធី​បុណ្យ ពិធី​សាសនា ឬ ទម្រង់ការ​ងងឹត​ងងល់​ទទេៗ​ឥត​ខ្លឹមសារ​ណា​មួយ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​គ្រាន់​តែ​បង្រៀន​យើង​ឲ្យ​ពិនិត្យ​មើល​ធម្មជាតិ​តាម​ភាពពិត​របស់​វា ដោយ​ពិនិត្យ​មើល​ការពិត​នៅ​ខាង​ក្នុង​តែ​ប៉ុណ្ណោះ។ ដោយ​មក​ពី​ឣវិជ្ជា យើង​ចេះ​តែ​ធ្វើ​ប្រតិកម្ម​តាម​របៀប​មួយ​ដែល​ធ្វើ​ទុក្ខ​ដល់​ខ្លួន​ឯង​ផង ធ្វើ​ទុក្ខ​ដល់​ឣ្នកដទៃ​ផង។ ប៉ុន្តែ​កាលណា​បញ្ញា​កើត​ឡើង (បញ្ញា​ដែល​កើត​មក​ពី​ការពិនិត្យ​មើល​ការពិត​តាម​សភាព​ពិត) ផ្នត់​ទម្លាប់​ប្រតិកម្ម​នេះ​នឹង​ត្រូវ​វិនាស​ឣស់។ កាលណា​យើង​ឈប់​ធ្វើ​ប្រតិកម្ម​ដោយ​ងងឹត​ងងល់ នោះ​យើង​ឣាច​ធ្វើ​ឣំពើ​ពិត​ប្រាកដ ឣំពើ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ចិត្ត​មាន​លំនឹង គឺ​ជា​ចិត្ត​ដែល​មើល​ឃើញ​ហើយ​យល់​សេចក្តី​ពិត។ ឣំពើ​បែប​នេះ​សុទ្ធ​តែ​ជា​ឣំពើ​កុសល ឣំពើ​បង្កើត​ផល ឣំពើ​មាន​ប្រយោជន៍​ដល់​ខ្លួន​ឯង និង ដល់​ឣ្នកដទៃ។

លោក​ឣ្នកប្រាជ្ញ​គ្រប់គ្នា​តែង​ទូន្មាន​ថា ការចាំបាច់​គឺ “ត្រូវ​ស្គាល់​ខ្លួន​ឯង”។ យើង​ត្រូវតែ​ស្គាល់​ខ្លួន​ឯង មិន​មែន​គ្រាន់​តែ​នៅ​ថ្នាក់​ប្រាជ្ញា​ឈ្លាស​វៃ នៅ​ថ្នាក់​គំនិត និង នៅ​ថ្នាក់​ទ្រឹស្តី​ប៉ុណ្ណោះ​ទេ។ នេះ​ក៏​មិន​មែន​មាន​ន័យ​ថា ត្រូវ​តែ​ទទួល​យក​ដោយ​ងងឹត​ងងល់តាម​ការរំជួល​ចិត្ត ឬ ជំនឿ​ស៊ប់ នូវ​ឣ្វីៗ​ដែល​ខ្លួន​គ្រាន់​តែ​បាន​ឮ ឬ បាន​ឣាន​នោះ​ទេ។ ការទទួល​ស្គាល់​បែប​នេះ​មិន​គ្រប់គ្រាន់​ឡើយ។ យើង​ត្រូវ​ស្គាល់​ការពិត​តាម​ការពិសោធ។ យើង​ត្រូវ​ពិសោធ​ការពិត​របស់​បាតុភូត​នៃ​ចិត្ត និង កាយ​នេះ​ដោយ​ផ្ទាល់។ មាន​តែ​ការពិសោធ​នេះ​ទេ​ដែល​នឹង​ជួយ​យើង​ឲ្យ​រំដោះ​ចេញ​ពី​ទុក្ខ​បាន។

គឺ​ការពិសោធ​ឃើញ​សេចក្តី​ពិត​ខាង​ក្នុង​របស់​យើង​ផ្ទាល់​នេះ បច្ចេកទេស​ពិនិត្យ​មើល​ខ្លួន​ឯង​នេះ​ហើយ​ដែល​ហៅ​ថា “វិបស្សនា​កម្មដ្ឋាន”។ តាម​ភាសា​នៃ​ប្រទេស​ឥណ្ឌា​នា​ពុទ្ធសម័យ ពាក្យ បស្សនា មាន​ន័យ​ថា មើល​ឃើញ​ដោយ​ភ្នែក​បើក​តាម​របៀប​ធម្មតា ប៉ុន្តែ​ពាក្យ វិបស្សនា មាន​ន័យ​ថា ពិនិត្យ​មើល​របស់​ទាំងឡាយ​តាម​ភាព​ពិត​របស់​វា មិន​មែន​គ្រាន់​តែ​តាម​ភាពប្រហាក់​ប្រហែល​ឡើយ។ សេចក្តី​ពិត​តាម​ឣាការ:​ក្រៅ ត្រូវ​តែ​ទម្លុះ​ចូល​រហូត​ទាល់​តែ​យើង​បាន​ចូល​ទៅ​ដល់​សេចក្តី​ពិត​ទី​បំផុត​របស់​រចនា​សម្ពន្ធ​នៃ​ចិត្ត និង កាយ​ទាំងមូល។ កាលណា​យើង​ពិសោធ​ឃើញ​សេចក្តី​ពិត​នេះ​ហើយ នោះ​យើង​នឹង​ឈប់​ធ្វើ​ប្រតិកម្ម​ដោយ​ងងឹត​ងងល់ យើង​លែង​បង្កើត​កិលេស​ទៀត​ហើយ។ ហើយ​ដោយ​ឯកឯង កិលេស​ចាស់​នឹង​ត្រូវ​ដាច់​ឫស ដាច់​គល់​បន្តិច​ម្តងៗ។ យើង​បាន​ចេញ​ផុត​ពី​ភាពរង​ទុក្ខ ហើយ​ពិសោធ​ឃើញ​សេចក្តី​សប្បាយ​រីករាយ​ពិត​ប្រាកដ។

នៅក្នុង​ធម្ម​សិក្សា​វិបស្សនា​កម្មដ្ឋាន គេ​បង្រៀន​ការហាត់​ហ្វឹកហ្វឺន​ចិត្ត​បី​ជំហាន៖ ជា​ដំបូង គេ​វៀរចាក​ឣំពើ​ដោយ​កាយ ឬ ដោយ​វាចា​ដែល​ធ្វើ​ឲ្យ​ខូច​សន្តិភាព និង សុខដុមរមនា​របស់​ឣ្នកដទៃ។ គេ​មិន​ឣាច​ធ្វើ​ការរំដោះ​ខ្លួន​ចេញ​ពី​កិលេស​បាន​ទេ បើ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ គេ​នៅ​តែ​បន្ត​ការប្រព្រឹត្ត​ឣំពើ​ដោយ​កាយ ដោយ​វាចា​ដែល​គ្រាន់​តែ​ជា​ឣំពើ​មួយ​សម្រាប់​តែ​បង្កើន​ចំនួន​កិលេស​ប៉ុណ្ណោះ។ ដោយ​ហេតុ​នេះ​ច្បាប់​ធម្មចរិយា (សីល) ជា​ជំហាន​សំខាន់​ទី​1 នៃ​ការបដិបត្តិ​នេះ។ គេ​ត្រូវតែ​ប្តេជ្ញា​ចិត្ត​ថា មិន​សម្លាប់, មិន​លួច, មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម, មិន​និយាយ​កុហក និង មិន​ប្រើ​គ្រឿង​ស្រវឹង គ្រឿង​ញៀន​គ្រប់​បែប​យ៉ាង។ ដោយ​វៀរ​ចាក​ឣំពើ​ទាំងឡាយ​នេះ គេ​ទុក​ឲ្យ​ចិត្ត​បាន​ស្ងប់​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ដំណើរ​ត​ទៅ​ទៀត។

ជំហាន​ជា​បន្ទាប់​គឺ​ការបណ្តុះ​បណ្តាល​ការធ្វើ​ម្ចាស់​លើ​ចិត្ត​ដែល​មិន​ទាន់​សាំង​នេះ ដោយ​បង្ហាត់​ហ្វឹកហ្វឺន​ចិត្ត​ឲ្យ​នៅ​ជាប់​នឹង​ឣារម្មណ៍​តែ​មួយ​គឺ ដង្ហើម។ គេ​ត្រូវ​ខំ​រក្សា​សតិ​នៅ​លើ​ដង្ហើម​ឲ្យ​បាន​យ៉ាង​យូរ​តាម​ការដែល​ឣាច​ធ្វើ​ទៅ​បាន។ ការណ៍​នេះ​មិន​មែន​ជា​ការហាត់​ដក​ដង្ហើម​ទេ គឺ​គេ​មិន​ត្រូវ​ធ្វើ​ដង្ហើម​ឲ្យ​ដើរ​ទៀង​ទាត់​ឡើយ។ ផ្ទុយ​ទៅ​វិញ គេ​ត្រូវ​តែ​ពិនិត្យ​មើល​ដង្ហើម​ធម្មជាតិ​តាម​ភាពពិត តាម​ភាព​ដែល​ដង្ហើម​ចូល តាម​ភាព​ដែល​ដង្ហើម​ចេញ។ តាម​របៀប​នេះ គេ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ថែម​ទៀត ដើម្បី​កុំ​ឲ្យ​ភាពឣកុសល​កាច​សាហាវ​ទាំង​ឡាយ​ឣាច​គ្រប​សង្កត់​លើ​គេ​បាន។ ក្នុង​ពេល​ដដែល​នោះ គេ​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​មូល សម្រួច​វា​ឲ្យ​មុត​ចាក់​ធ្លុះ ឣាច​ធ្វើ​កិច្ចការ​របស់​បញ្ញា​បាន។

ជំហាន​ទាំង​ពីរ​ខាង​ដើម​គឺ ការរស់នៅ​ដោយ​ធម្មចរិយា និង ការត្រួតត្រា​លើ​ចិត្ត ជា​ការចាំបាច់ ហើយ​មាន​ប្រយោជន៍​ណាស់ ប៉ុន្តែ​ជំហាន​ទាំង​ពីរ​នេះ​នឹង​នាំ​ទៅ​រក​ការសន្ធប់​គ្រឿង​សៅហ្មង​ទាំងឡាយ លើកលែង​តែ​គេ​ឈាន​ជំហាន​ទី​3 ត​ទៅ​ទៀត៖ គឺ​ការធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ចេញ​ផុត​ពី​ភាពឣកុសល ដោយ​បណ្តុះ​បណ្តាល​បញ្ញា​ទៅ​ក្នុង​ធម្មជាតិ​ផ្ទាល់​របស់​ខ្លួន​គេ។ នេះ​ហើយ​ជា វិបស្សនា៖ គឺ​ពិសោធ​ឃើញ​ការពិត​របស់​ខ្លួន​ឯង​ផ្ទាល់​តាម​ការពិនិត្យ​មើល​ដោយ​ឥត​លម្អៀង និង ដោយ​ឥត​ជាប់​ជំពាក់​ទៅ​លើ​បាតុភូត​នៃ​ចិត្ត និង កាយ​ដែល​ចេះ​តែ​ផ្លាស់​ប្តូរ ដែល​បញ្ចេញ​ខ្លួន​វា​មក​ជា​វេទនា​ផ្សេងៗ។ នេះ​ជា​ធម៌​កំពូល​ខ្ពស់​បំផុត​នៃ​ការបង្រៀន​របស់​ព្រះពុទ្ធ៖ ការធ្វើ​ខ្លួន​ឯង​ឲ្យ​បរិសុទ្ធ​ដោយ​ការពិនិត្យ​មើល​ខ្លួន​ឯង។

ការបង្រៀន​នេះ គេ​ឣាច​បដិបត្តិ​បាន​គ្រប់​គ្នា។ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ប្រឈម​មុខ​នឹង​បញ្ហា​នៃ​ទុក្ខ។ ទុក្ខ​នេះ​ជា​ជំងឺ​សាកល ដែល​ត្រូវការ​ថ្នាំ​សាកល មិន​មែន​ថ្នាំ​ប្រកាន់​និកាយ​ទេ។ កាលណា​គេ​មាន​ទុក្ខ​ដោយ​មក​ពី​កំហឹង កំហឹង​នេះមិន​មែន​ជា​កំហឹង​របស់​ឣ្នកកាន់​សាសនា​ព្រះពុទ្ធ, កំហឹង​ហិណ្ឌូ ឬ កំហឹង​គ្រិស្ទាន​ឡើយ។ កំហឹង​គឺ​កំហឹង។ កាលណា​គេ​ក្លាយ​ទៅ​ជា​ឣន្ទះ​ឣន្ទែង​ដោយ​មក​ពី​កំហឹង​នេះ ភាពឣន្ទះ​ឣន្ទែង​នេះ​ក៏​មិន​មែន​ជា​ភាពឣន្ទះ​ឣន្ទែង​របស់​ឣ្នកកាន់​សាសនា​គ្រិស្ត ឬ ភាពឣន្ទះ​ឣន្ទែង​របស់​ជីហ្វ ឬ ឥស្លាម​ដែរ។ ជំងឺ​ជា​របស់​សាកល។ ថ្នាំ​ព្យាបាល​ត្រូវ​តែ​ជា​ថ្នាំ​សាកល​ដូចគ្នា។

វិបស្សនា​គឺ​ជា​ថ្នាំ​ព្យាបាល​ហ្នឹង។ គ្មាន​នរណា​ម្នាក់​ឣាច​ជំទាស់​នឹង​ច្បាប់​នៃ​ការរស់នៅ​ដែល​គោរព​សន្តិភាព និង សុខដុមរមនា​របស់​ឣ្នកដទៃ​នោះ​បាន​ឡើយ។ គ្មាន​នរណា​ម្នាក់​ឣាច​ជំទាស់​នឹង​ការបណ្តុះ​បណ្តាល​ការត្រួតត្រា​លើ​ចិត្ត​បាន​ទេ។ គ្មាន​នរណា​ម្នាក់​ឣាច​ជំទាស់​នឹង​ការបណ្តុះ​បណ្តាល​បញ្ញា​នៅ​ក្នុង​ធម្មជាតិ​របស់​ខ្លួន​គេ​ផ្ទាល់​ដែល​ជា​ហេតុ​នាំ​ចិត្ត​ឲ្យ​ចេញ​ផុត​ពី​ភាពឣកុសល​ទាំងឡាយ​នោះ​បាន​ឡើយ។ វិបស្សនា​ជា​មាគ៌ា​សាកល​មួយ។

ការពិនិត្យ​មើល​ការពិត​តាម​ភាពពិត ដោយ​ពិនិត្យ​មើល​សេចក្តី​ពិត​នៅ​ខាង​ក្នុង៖ នេះ​ជា​ការស្គាល់​ខ្លួន​ឯង​ផ្ទាល់ តាម​ការពិសោធ​ពិត​ប្រាកដ។ នៅពេល​ដែល​គេ​បដិបត្តិ​បច្ចេកទេស​នេះ គេ​ចេះ​តែ​បាន​រំដោះ​ចេញ​ពី​ភាពរង​ទុក្ខ​នៃ​កិលេស​ទាំងឡាយ។ តាំង​ពី​សេចក្តី​ពិត​គ្រោតគ្រាត​ខាង​ក្រៅ គេ​ចូល​ទៅ​ដល់​សេចក្តី​ពិត​ទី​បំផុត​នៃ​ចិត្ត និង កាយ។ រួច​ហើយ គេ​ទៅ​ហួស​ពី​នេះ​ទៅ​ទៀត ហើយ​ពិសោធ​ឃើញ​សេចក្តី​ពិត​មួយ​ដែល​នៅ​ហួស​ផុត​ពី​ចិត្ត និង កាយ ហួស​ផុត​ពី​ពេល និង វេហាស៍ ហួស​ផុត​ពី​វិស័យ​នៃ​ភាពប្រែប្រួល​ជា​លោកីយ៍​នេះ គឺ​សេចក្តី​ពិត​នៃ​ការរួច​រដោះ​ទាំងស្រុង​ចេញ​ពី​កិលេស ចេញ​ពី​គ្រឿង​សៅហ្មង និង ចេញ​ពី​ទុក្ខ​គ្រប់​បែប​គ្រប់​យ៉ាង។ ទោះ​បី​គេ​ឲ្យ​ឈ្មោះ​សេចក្តី​ពិត​ចុង​បំផុត​នេះ​ថា​ជា​ឣ្វី​ក៏​ដោយ មិន​ជា​ការសំខាន់​ទេ សេចក្តី​ពិត​នេះ​ជា​គោលដៅ​ចុង​បំផុត​របស់​មនុស្ស​គ្រប់​គ្នា។

សូម​ឲ្យ​ឣ្នក​ទាំង​ឣស់​គ្នា​ពិសោធ​ឃើញ​សេចក្តី​ពិត​ចុង​បំផុត​នេះ។ សូម​ឲ្យ​មនុស្ស​ទាំងឣស់​បាន​រួច​រដោះ​ចេញ​ពី​ភាពរង​ទុក្ខ។ សូម​ឲ្យ​ឣ្នក​ទាំង​ឣស់​បាន​សន្តិភាព​ពិត​ប្រាកដ សុខដុមរមនា​ពិត​ប្រាកដ សុភមង្គល​ពិត​ប្រាកដ។

សូម​ឲ្យ​សព្វ​សត្វ​បាន​ប្រកប​តែ​នឹង​សេចក្តី​សុខ