វិបស្សនា ដែលមានន័យថា ឃើញរបស់ផងទាំងពួងតាមភាពពិត គឺជាបច្ចេកទេសកម្មដ្ឋានមួយក្នុងចំណោមបច្ចេកទេសកម្មដ្ឋានចាស់ជាងគេបំផុតនៃប្រទេសឥណ្ឌា។ ព្រះគោតមសម្មាសម្ពុទ្ធបានរកឃើញបច្ចេកទេសកម្មដ្ឋាននេះឡើងវិញកាលពីជាង 2500 ឆ្នាំមុននេះ ហើយព្រះអង្គបានបង្រៀនបច្ចេកទេសនេះជាឱសថសាកលសម្រាប់ព្យាបាលជំងឺសាកល ដែលអាចនិយាយបានថាជា សិល្ប៍សាស្ត្រនៃការរស់នៅ។ បច្ចេកទេសមិនប្រកាន់និកាយនេះមានគោលបំណងគាស់រំលើងភាពសៅហ្មងនៃចិត្តទាំងស្រុង និង ផ្តល់លទ្ធផលជាសុភមង្គលខ្ពស់បំផុតនៃការរួចរដោះពេញបរិបូណ៌។ ការរំដោះខ្លួនពីទុក្ខទាំងអស់របស់មនុស្សលោកគឺជាគោលបំណងនៃបច្ចេកទេសកម្មដ្ឋាននេះ វាមិនមែនត្រឹមតែជាការព្យាបាលជំងឺប៉ុណ្ណោះទេ។
វិបស្សនាគឺជាបច្ចេកទេសនៃការផ្លាស់ប្តូរខ្លួនឯងតាមរយៈការពិនិត្យមើលដោយខ្លួនឯង។ បច្ចេកទេសនេះផ្តោតទៅលើអន្តរកម្មរវាងចិត្ត និង កាយនៅទីជម្រៅ ដែលអាចពិសោធឃើញផ្ទាល់តាមរយៈការផ្ចង់សតិត្រឹមត្រូវទៅលើកាយវេទនាដែលជាជីវិតនៃកាយ ហើយដែលធ្វើអន្តរកម្មជាប់រហូត និង តាក់តែងជីវិតរបស់ចិត្ត។ គឺជាដំណើររុករកខ្លួនឯងផ្អែកលើការពិនិត្យមើលដល់ឫសគល់នៃចិត្ត និង កាយដែលរំលាយភាពសៅហ្មងនៃចិត្ត និង នាំឲ្យចិត្តមានតុល្យភាព ពោរពេញដោយមេត្តា និង ករុណា។
ច្បាប់វិទ្យាសាស្ត្រដែលដឹកនាំគំនិត អារម្មណ៍ ការវិនិច្ឆយ និង វេទនារបស់បុគ្គលម្នាក់ប្រែទៅជាច្បាស់ឡើងៗ។ តាមរយៈបទពិសោធន៍ផ្ទាល់ នាំឲ្យគេយល់យ៉ាងច្បាស់អំពីធម្មជាតិនៃរបៀបដែលគេរីកចម្រើន ឬ ថយក្រោយ ព្រមទាំងរបៀបដែលគេបង្កើតទុក្ខ ឬ រំដោះខ្លួនចេញពីទុក្ខ។ ជីវភាពប្រែទៅជាមានសតិដឹងច្រើន គ្មានសេចក្តីភាន់ច្រឡំ មានការត្រួតត្រាលើខ្លួនឯង និង មានសន្តិភាព។
ចាប់តាំងពីពុទ្ធសម័យមក វិបស្សនាត្រូវបានបង្រៀនរហូតមកដល់សព្វថ្ងៃ តាមរយៈខ្សែតំណនៃគ្រូទាំងឡាយជាប់មិនដាច់។ ទោះបីជាមានប្រភពដើមនៅប្រទេសឥណ្ឌាក៏ដោយ លោក ស.ន. ហ្គោឥនកាដែលជាគ្រូអាចារ្យបច្ចុប្បន្នក្នុងខ្សែតំណនេះ បានកើត និង ធំចម្រើនឡើងនៅប្រទេសភូមា (មីយ៉ាន់ម៉ា)។ ពេលរស់នៅក្នុងប្រទេសភូមា លោកមានភ័ព្វសំណាងល្អណាស់ដែលបានរៀនបច្ចេកទេសវិបស្សនាពីគ្រូអាចារ្យរបស់លោកគឺ លោក សាយាគ្យី អ៊ូបាឃិន ដែលនៅពេលនោះជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់។ បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលពីគ្រូអាចារ្យរបស់លោកអស់រយៈពេល 14 ឆ្នាំ មក លោក ហ្គោឥនកា បានមករស់នៅប្រទេសឥណ្ឌា និង បានចាប់ផ្តើមបង្រៀនវិបស្សនាក្នុងឆ្នាំ 1969។ ចាប់តាំងពីពេលនោះ លោក ហ្គោឥនកា បានបង្រៀនមនុស្សរាប់ពាន់នាក់ដែលមានពូជសាសន៍ និង សាសនាផ្សេងៗគ្នា ទាំងនៅប៉ែកខាងកើត ទាំងនៅលោកខាងលិច។ នៅឆ្នាំ 1982 លោកបានចាប់តែងតាំងគ្រូជំនួយជាច្រើនដើម្បីជួយលោក ឆ្លើយតបនឹងសេចក្តីត្រូវការវគ្គសិក្សាវិបស្សនាកាន់តែច្រើនឡើងៗ។
បច្ចេកទេសនេះត្រូវបានបង្រៀនក្នុងវគ្គសិក្សានៅមជ្ឈមណ្ឌលចំនួន 10 ថ្ងៃ ដែលក្នុងអំឡុងពេលនោះ អ្នកចូលរួមត្រូវគោរព ច្បាប់វិន័យ, រៀនបច្ចេកទេសមូលដ្ឋាន និង ប្រតិបត្តិឲ្យបានគ្រប់គ្រាន់ដើម្បីទទួលលទ្ធផលល្អនៃបច្ចេកទេសនេះ។
វគ្គសិក្សាត្រូវការការប្រឹងប្រែងយ៉ាងខ្លាំង និង ហ្មត់ចត់។ មានជំហានបីដែលត្រូវហ្វឹកហ្វឺន។ ជំហានទីមួយគឺ ក្នុងអំឡុងពេលនៃវគ្គសិក្សា ត្រូវវៀរចាកការសម្លាប់, ការលួច, ការប្រព្រឹត្តកាម, ការនិយាយមិនពិត ព្រមទាំងការសេពគ្រឿងញៀន និង គ្រឿងស្រវឹង។ ច្បាប់វិន័យសាមញ្ញនេះធ្វើឡើងដើម្បីឲ្យចិត្តស្ងប់ ដែលពុំនោះសោត វាអន្ទះអន្ទែងខ្លាំងពេក មិនអាចធ្វើកិច្ចការនៃការពិនិត្យមើលខ្លួនឯងបានទេ។ ជំហានបន្ទាប់គឺបណ្តុះបណ្តាលការត្រួតត្រាលើចិត្តដោយការរៀនផ្ចង់សតិរបស់ខ្លួនទៅលើភាពពិតធម្មជាតិ ផ្លាស់ប្តូរជានិច្ចនៃចរន្តដង្ហើម នៅពេលវាចូល និង ចេញតាមរន្ធច្រមុះ។ នៅថ្ងៃទី 4 ចិត្តបានស្ងប់គ្រាន់បើ និង កាន់តែឆាប់ចាប់អារម្មណ៍ ដែលអាចនាំឲ្យប្រតិបត្តិវិបស្សនាតែម្តង៖ ការអង្កេតលើវេទនាពាសពេញកាយ, ការយល់ធម្មជាតិនៃវេទនានោះ និង ការបង្កើតភាពឧបេក្ខាដោយការរៀនមិនធ្វើប្រតិកម្មចំពោះវេទនាទាំងនោះ។ ចុងបញ្ចប់ ពេញមួយថ្ងៃចុងក្រោយ សិស្សទាំងអស់រៀនអំពីមេត្តាភាវនា ឬ សុឆន្ទៈចំពោះសព្វសត្វ ក្នុងនោះ ភាពបរិសុទ្ធដែលបានរីកចម្រើនក្នុងអំឡុងវគ្គសិក្សា ត្រូវបានចែករំលែកជាមួយសព្វសត្វផងដែរ។
ការប្រតិបត្តិទាំងស្រុងគឺជាការហ្វឹកហ្វឺនចិត្តជាក់ស្តែង។ ដូចជាយើងប្រើការហាត់ប្រាណដើម្បីធ្វើឲ្យសុខភាពផ្លូវកាយប្រសើរឡើង យើងក៏អាចប្រើវិបស្សនាដើម្បីធ្វើឲ្យចិត្តមានសុខភាពល្អដែរ។
ដោយគេបានឃើញថា បច្ចេកទេសនេះមានប្រយោជន៍ពិតប្រាកដ ដូច្នេះគេសង្កត់យ៉ាងខ្លាំងលើការរក្សាបច្ចេកទេសនេះតាមទម្រង់ដើមពិតប្រាកដរបស់វា។ បច្ចេកទេសនេះមិនត្រូវបង្រៀនក្នុងគោលបំណងអាជីវកម្មឡើយ គឺត្រូវបង្រៀនដោយឥតគិតថ្លៃ។ ឥតមាននរណាម្នាក់ដែលពាក់ព័ន្ធនឹងការបង្រៀនបច្ចេកទេសនេះទទួលកម្រៃសម្ភារៈអ្វីមួយឡើយ។ ឥតមានការគិតថ្លៃចំពោះវគ្គសិក្សាឡើយ សូម្បីតែថ្លៃម្ហូបអាហារ និង ការស្នាក់នៅក៏ដោយ។ ការចំណាយទាំងអស់ត្រូវបានរ៉ាប់រងដោយការបរិច្ចាគទានពីអ្នកដែលបានបញ្ចប់វគ្គសិក្សា និង បានទទួលផលប្រយោជន៍ពីវិបស្សនា ហើយចង់ផ្តល់ឱកាសឲ្យអ្នកដទៃទទួលផលប្រយោជន៍ពីបច្ចេកទេសនេះផងដែរ។
ពិតណាស់ លទ្ធផលអាចទទួលបានជាបន្តបន្ទាប់តាមរយៈការប្រតិបត្តិជាប់រហូត។ វាពិតជាមិនអាចរំពឹងបានថា បញ្ហាទាំងអស់ត្រូវបានដោះស្រាយក្នុងរយៈពេល 10 ថ្ងៃនុ៎ះទេ។ ទោះជាយ៉ាងនេះក៏ដោយ ក្នុងអំឡុងពេលនោះ គេអាចចេះមូលដ្ឋានគ្រឹះនៃវិបស្សនា ដើម្បីឲ្យគេអាចអនុវត្តបានក្នុងជីវភាពប្រចាំថ្ងៃ។ កាលណាគេប្រតិបត្តិបច្ចេកទេសនេះកាន់តែបានច្រើន គេនឹងអាចរួចរដោះពីទុក្ខបានកាន់តែច្រើនឡើងដែរ ហើយគេនឹងអាចទៅកាន់តែជិតដល់គោលដៅទីបំផុតនៃការរួចរដោះពេញបូរិបូរណ៌។ ទោះបី 10 ថ្ងៃ ក៏អាចផ្តល់នូវលទ្ធផលដ៏ត្រចះត្រចង់ និង មានប្រយោជន៍ពិតប្រាកដក្នុងជីវភាពប្រចាំថ្ងៃបានដែរ។
យើងសូមស្វាគមន៍អ្នកដែលស្មោះត្រង់ទាំងអស់ឲ្យចូលរួមវគ្គសិក្សាវិបស្សនាដើម្បីឃើញដោយខ្លួនឯងផ្ទាល់ថាតើបច្ចេកទេសនេះមានដំណើរការដូចម្តេច និង ដើម្បីវាស់ផលប្រយោជន៍ផ្សេងៗ។ អ្នកទាំងអស់ដែលសាកល្បងនឹងឃើញថាវិបស្សនាគឺជាបច្ចេកទេសមិនអាចកាត់ថ្លៃបានដែលអាចសម្រេច និង ចែករំលែកសុភមង្គលពិតប្រាកដជាមួយអ្នកដទៃ។